អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ អ្នកបើករថយន្ដបង្កមានឈ្មោះ ហ៊ុន ហេង មានតួនាទីជា នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្ក បន្ទាប់ពីបង្កហេតុត្រូវបានកម្លាំងនគរបាលចខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។
សូមជម្រាបផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ខាងមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសធ្ងន់២នាក់ ស្រាល៣នាក់ផ្សេងទៀត ទោះបីយ៉ាងណា ករណីនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការផ្ដើមឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង