បុរសម្នាក់បើរថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER បើកបរក្រោមឥទ្ធិពលជាតិស្រវឹងកម្រិត០,៥៤ mg/L ព្រមទទួលកំហុស និងព្រមផាកពិន័យតាមច្បាប់

ភ្នំពេញ៖ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខសាលាខណ្ឌដង្កោ លើផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង១២:២៦នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក TOYOTA HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-2571 បើកបរដោយបុរសម្នាក់ឈ្មោះ ផាន ភក្រ្តា ជិះឆ្លងកាត់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណៈនោះកម្លាំងនៅគោលដៅបានឃាត់រថយន្ដ ដើម្បីឱ្យអ្នកបើកបរសហការត្រួតពិនិត្យជាតិស្រវឹង ជាលទ្ធផលអ្នកបើកបរម៉ាក TOYOTA HIGH LANDER រកឃើញមានជាតិអាកុល ០,៥៤mg/L ត្រូវផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកចំនួន២លានរៀល ដោយអ្នកបើក​បររថយន្តទើបចេញពីផឹកស៊ីផ្ទះបងប្អូនក្នុងខណ្ឌដង្កោចំនួន៦កំប៉ុងស្រាបៀរ។ នៅពេលនោះអ្នកបើកបរនោះបានសុំសម្រួលជាមួយសមត្ថកិច្ចឱ្យប្រាក់មួយចំនួនប៉ុន្តែសមត្ថកិច្ចមិនយល់ព្រម ដោយអនុវត្តតាមច្បាប់។
ខណៈនោះសមត្ថកិច្ចពិនិត្យឃើញថាអ្នកបើកបររថយន្តខាងលើបើកបរក្នុងស្ថានភាពស្រវឹងខ្លាំង និងមានអ្នករួមដំណើរចំនួន​៣នាក់ មានចាស់ក្មេង ធ្វើដំណើរផ្លូវឆ្ងាយពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ មានហានិភ័យក្នុងការបើកបរសមត្ថកិច្ចមិនអនុញ្ញាតឱ្យបន្តដំណើរទៅមុខបានទេ ដើម្បីសុវត្ថិភាព។ ទើបសមត្ថកិច្ចបានឃាត់រថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយណែនាំឱ្យគាត់ទំនាក់ទំនងបងប្អូនរស់នៅភ្នំពេញមកទទួល ហើយបានណែនាំឱ្យរងចាំព្រឹកឡើងចូលដោះស្រាយ​ផាកពិន័យតាមផ្លូវច្បាប់ ប៉ុន្ដែគាត់មិនព្រមទំនាក់ទំនងបងប្អូនមកទទួលនោះទេ។
បន្ទាប់មកគាត់ទៅថតបុរសម្នាក់ជាអ្នកដទៃដែលស្រវឹងដេកខាងមុខសាលាខណ្ឌដង្កោ ហើយក៏បានបង្ហោះទៅតាមបណ្តាញសង្គមថាកូនដេកហាលមូស។ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ អ្នកបើកបរម៉ាក TOYOTA HIGH LANDER បានចូលខ្លួនមកដោះស្រាយសារភាពចំពោះមុខសមត្ថកិច្ច និងសុំទោសទៅដល់បុរសដែលដេកខាងមុខសាលាខណ្ឌដង្កោ ដែលបុរសនោះបម្រុងប្តឹងថាបានលួចថតគាត់គ្មានការអនុញ្ញាតយកទៅផ្សព្វផ្សាយតាមបណ្តាញសង្គមបង្កឱ្យប៉ះពាល់កិត្តិយស។
យោងតាមអនុក្រឹត្យលេខ៣៩ មាត្រា១០ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា៖
ត្រូវបានពិន័យអន្តរការណ៍ចំពោះអ្នក​បេីកបរ​យានយន្តស្ថិតក្នងភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០(សូន្យក្បៀសសែសិប)មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ០,៨០(សូនក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រឈាមឡេីងទៅ ដូចតទៅ ៖
-ទឹកប្រាក់ ១,០០០,០០០(មួយលាន)រៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន។
-ទឹកប្រាក់ ២,០០០,០០០(ពីរលាន)រៀល សម្រាប់យានយន្តធុនស្រាល។
-ទឹកប្រាក់ ៤,០០០,០០០(បួនលាន)រៀល សម្រាប់យានយន្តធុនធ្ងន់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង