“អគ្គនាយកអង្គការសុខភាពពិភពលោក ទទួលស្វាគមន៍ និងជួបសំណេះសំណាលការងារ ជាមួយរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា នាមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨”

ប្រទេសស្វីស៖ កំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅក្រុងហ្សឺណែវ ដែលមានរដ្ឋជាសមាជិក១៩៤ ត្រូវបានអញ្ជើញចូលរួម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលនៃកម្ពុជាត្រូវបានទទួលស្វាគមន៍សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus។
ក្នុងជំនួបដ៏ស្និទ្នស្នាលពិសេសដោយឡែកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់ឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក អំពីអ្វីដែលសុខាភិបាលកម្ពុជា ដោយទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែសស្រាក់សស្រាំឥតឈប់ឈរ ជាលក្ខណៈបុរេសកម្ម (proactive approach) លើកកម្ពស់សុខភាព សុខុមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំងបន្ថែមពិសេសបង្ការមហារីកមាត់ស្បូនកុមារីអាយុ ៩ឆ្នាំ ពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែមក្នុងសហគមន៍ ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់ ២៤ម៉ោងលើ២៤ម៉ោង រួមទាំងការខិតខំដោយជង្ហុគ (more intensive effort and commitment) លើការលើកកម្ពស់ភាពជាអ្នកដឹកនាំសុខាភិបាលគ្រប់កម្រឹត។
រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដែលបានចារឹកក្នងបេះដូងកម្ពុជា និងពិភពលោក ខណៈកាលណោះ ជំងឺកូវីដ១៩ ដ៏កាចសាហាវកំពុងយកជីវិតមនុស្សលោក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រផ្តល់ការអនុញ្ញាត និងចេញទៅទទួលដោយផ្ទាល់ខ្លួលលោក អ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាម (ពេលនោះគឺចំថ្ងៃនៃក្តីស្រលាញ់ Valentine’s Day)។ សូមរំលឹកថានាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ នាវា អឹមអេស វេស្ទើរដាម (The MS Westerdam) ដែលមានអ្នកធ្វើដំណើរសរុប ២២៥៧រូប បានចូលចតនៅកម្ពុជា ខណៈត្រូវបានបដិសេធន៍មិនអោយចូលចតពីប្រទេសនានាមុនមកដល់កម្ពុជា។
ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់ WHO និងបានបញ្ជាក់ការគាំទ្ររបស់លោកលើអទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជាដែលបានលើកដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា “យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម”៕ អរគុណសន្តិភាព
ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស៖ ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥
Bilateral meeting between Dr Tedros Adhanom Ghebreyesus, Director-General of World Health Organization and Prof Chheang Ra, Health Minister of Cambodia, Geneva, Switzland
អត្ថបទដែលជាប់ទាក់ទង