ជនជាតិចិនពីរនាក់ ក្រោយធ្វើសកម្មភាព លួចគាស់ទ្វារថយន្តតាមចំណត ត្រូវបាននគរបាលឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនពីរនាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយបើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួនមួយដើមរបស់ម្ចាស់ឡាន នៅតាមចំណតរថយន្ត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤ល្ងាចនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស។
នគរបាលបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទីមួយមានឈ្មោះ LIANG JING DIAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ និងទីពីរឈ្មោះ LIANG SHAO MIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ។
ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣គ្រាប់ ជារបស់ជនរងគ្រោះ(ម្ចាស់រថយន្ត និងឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួនមួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាព។
គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងមក ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអន៣ ស្ថិតនៅកំណាត់ផ្លូវ៦០ម៉ែត្រ មូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលការិយាល័យកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អរគុណសន្តិភាព




