ក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យពលរដ្ឋបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការរីករាលដាលលើគ្រួសារ និងសហគមន៍
សុខភាព ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១២ ខែឧសភា វីរុស JN.1នេះ គឺបំប្លែងខ្លួនចេញពីពពួកអូមីក្រុង វាត្រូវបានគេរកឃើញដំបូងនៅខែសីហា ឆ្នាំ២០២៣ និងបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។
នៅត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីនេះ ត្រូវបានរកឃើញមានជាង ១៥ភាគរយ នៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ តាមអង្គការសុខភាពពិភពលោក (WHO) វីរុស JN.1 នេះមានរោគសញ្ញាមិនខុសប្លែកពីប្រភេទកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញារបស់វាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា។
ភស្តុតាងជាសកលមិនបង្ហាញថា JN1 បណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុងពីមុននោះទេ។ ទោះយ៉ាងណាក៏ដោយ វីរុសប្រភេទនេះ ងាយឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្ដូរនៅក្នុងប្រូតេអ៊ីនបង្គោលរបស់វីរុស(mutations in the spike protein)។ ទោះបី JN.1 មានហានិភ័យសុខភាពសាធារណៈជាសកលមានកម្រិតទាប ប៉ុន្តែ វាអាចងាយចម្លងទៅលើអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្រ្តីមានផ្ទៃពោះជាដើម។ ស្របពេលដែល កូវីដ-១៩ នៅបន្តរីករាលដាលនៅកម្ពុជានៅឡើយ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ ជាពិសេសនៅរដូវវស្សា។ ក្រសួងលើកទឹកចិត្តឱ្យពលរដ្ឋបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការ រីករាលដាលលើគ្រួសារ និងសហគមន៍៕ អរគុណសន្តិភាព