សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងសភាពការណ៍
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងសភាពការណ៍ ជាពិសេស លើការចរចាជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា អ្វីដែលអាក្រក់បំផុត គឺព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាម និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យ និងខូចខាតផលប្រយោជន៍នៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ បំណងប្រាថ្នារបស់សម្តេចតេជោ គឺចង់បានតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចតេជោ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងអរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបានអំពាវនាវដល់ ក្រសួង-ស្ថាប័ន ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពដែលនៅជួរមុខ ដើម្បីបង្ហាញ ពីភាពរួបរួមគ្នាជាឆ្លង់មួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា៕ អរគុណសន្តិភាព




