ក្រសួងសុខាភិបាលសម្រេចបិទបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល «ផល្លី» ក្រុងតាខ្មៅដោយសារមូលហេតុ…..

 យោងលិខិតលេខ ០១០៣ ចុះថ្ងៃទី៣០ មេសា ឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច ស្តីពីការបិទបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល ផល្លី ដែលមានទីតាំងនៅផ្ទះលេខ ៤៨៩ ផ្លូវលេខ១០៦ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមូលហេតុ ហេដ្ឋារចនា សម្ព័ន្ធ នៃបន្ទប់វះកាត់ មិនត្រឹមត្រូវ តាមស្តង់ដារអប្បបរមា និងកង្វះ ធនធាន មនុស្សក្នុងការបម្រើសេវាឱ្យមានគុណភាព និងសុវត្តិភាព ដែលត្រូវទាមទារពេលវេលាមួយរយៈក្នុងការកែលម្អ ។

សូមជម្រាបជូនបន្ថែមដែលថា មន្ទីរសម្រាកព្យាបាល «ផល្លី»   ខាងលើនេះ ទទួលបានលិខិតអនុញាតលេខ ០១១/២៤ អបស/មព ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាលផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ មន្ទីរសម្រាកព្យាបាលខាងលើបានទទួលរងបណ្តឹងពី លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។ នេះបើតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះដែលបណ្ដាញព័ត៌មានដែលសារព័ត៌មានយើងខ្ញុំទទួលបាន។ហើយចំពោះករណីនេះ មេធាវីតំណាងឲ្យមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ក៏បានចេញលិខិតបំភ្លឺអះអាង ពីភាពត្រឹមត្រូវរបស់កូនក្ដីរបស់ខ្លួនផងដែរ។ ដោយឡែកម្ចាស់គ្លីនីក បានឲ្យដឹងថា ចំពោះករណីនេះ លោកស្រីបានចូលបំភ្លឺរួចហើយ ហើយកំពុងសហការជាមួយស្ថាប័ន

ពាក់ព័ន្ធ និងសហការជាមួយស្ថាប័នតុលាការ។

ជាចុងបញ្ជប់សារព័ត៌មានយើងខ្ញុំមានចម្ងល់សួរទៅកាន់ ក្រសួងសុខាភិបាល ថា ហេតុអ្វីបានជា មន្ទីរសម្រាកព្យាបាល ខាងលើ ដែលតម្រូវឱ្យ មានហេដ្ឋារចនា សម្ព័ន្ធ នៃបន្ទប់វះកាត់ មិនត្រឹមត្រូវ តាមស្តង់ដារអប្បបរមា និងកង្វះ ធនធាន មនុស្សក្នុងការបម្រើសេវាឱ្យមានគុណភាព និងសុវត្តិភាព ដែលត្រូវទាមទារពេលវេលាមួយរយៈក្នុងការកែលម្អ បែជាទទួលបានលិខិតអនុញ្ញាត លេខ ០១១/២៤ អបស/មព ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល ៕

សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង